ធនធានធម្មជាតិនៅក្នុងឧទ្យានជាតិវិរៈជ័យ នៅតំបន់កន្ទុយនាគ កំពុងរងវិនាសកម្មសារជាថ្មីពុំទាន់មានការទប់ស្កាត់ឬក៏បង្ក្រាបពីអាជ្ញាធរឡើយ…

រតនគីរី៖ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា ធនធានធម្មជាតិ ដែលក្នុងនោះមាន ធនធានធម្មជាតិព្រៃឈើ និងធនធានធម្មជាតិរ៉ែងមាសក្រោមដីផងនៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី ពេលនេះកំពុងទទួលរងនូវវិនាសសកម្មដ៏មហន្តរាយជាថ្មី ម្តងទៀតហើយ មិនទាន់មានការទប់ស្កាត់ ឬក៏ចុះបង្ក្រាបពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយនោះទេ។

ជាក់ស្តែងរូបភាពជាច្រើនដែលត្រូវបានថត កាលថ្ងៃទី០៣ ខែធ្នូ  ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បង្ហាញឲ្យឃើញអំពីគំនរឈើ ដែលទើបអារផ្ដួលរលំថ្មីៗ ហើយគេដឹកយកទៅគរទុកជាច្រើនកន្លែង គ្រោងដឹកបន្តទៅក្រៅប្រទេសថែមទៀតផង។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា គេបានប្រទះឃើញមនុស្សភាគច្រើន ដែលជាជនជាតិវៀតណាម(យួន) បានបោះតង់ដេកយ៉ាងច្រើននាក់ ដើម្បីកាប់ព្រៃឈើយ៉ាងសកម្ម ទំនងជាយូរខែមកហើយ ដែលដើមឈើទាំងអស់នោះសុទ្ធតែមានមុខកាត់ធំៗ ហើយដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ យកទៅ​ទម្លាក់​គរនៅ​តំបន់​បរិស្ថាន​ស្ថិតក្នុងភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា-វៀតណាម។​

ប្រភពព័ត៌មានអះអាងថា ការបំផ្លិចបំផ្លាញធនធានធម្មជាតិសារជាថ្មីពីសំណាក់ជនជាតិវៀតណាមខាងលើនេះ មានស្ថានភាពអាក្រក់ជាងកាលអំឡុងឆ្នាំ២០០៥ទៅទៀត ខណៈដែលលោក ខាំ ខឿន កាន់អំណាចជាចៅហ្វាយខេត្ត កាលនោះ មានមនុស្សឋាន:តូចៗតែប៉ុន្មាននាក់ ត្រូវបានគេឃាត់យក ទៅតុលាការក្រុងភ្នំពេញឱ្យទទួលទោសពីបទឧក្រិដ្ឋកម្មព្រៃឈើ ។

ទាក់ទងទៅនឹងការវិនាសកម្មព្រៃឈើខាងលើលោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកសង្ស័យថា ការកាប់នោះធ្វើនៅលើ ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​ នុ​ភាព សុ​ភី អ៊ិន​វេស​មេន ដែល​ចាប់ផ្តើម​ដំណើរ​ឈូសឆាយ​ផ្ទៃ​ដី​នៅ​ក្នុងឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ។

យ៉ាងណាក្ដីក្រុមអ្នកភូមិបាននិយាយថា ទំហំនៃវិនាសកម្មដ៏ធំធេងនេះ មិនអាចមន្ត្រីពាក់ព័ន្ធមិនដឹងនោះទេ! ប៉ុន្តែពួកគេធ្វើដេកលក់ និងធ្វើមិនដឹងមិនឮ , ហើយបានអំពាវនាវឲ្យស្ថាប័នថ្នាក់ជាតិដែលមានតួនាទីទប់ស្កាត់បទល្មើសធនធានធម្មជាតិចាត់វិធានការជាបន្ទាន់ និងស្រាវជ្រាវរកបណ្ដាញពាក់ព័ន្ធ ដើម្បីបង្ក្រាបនិងឃាត់ក្រុមជនល្មើស យកទៅផ្ដន្ទាទោស ដោយមិនគួរអត់ឱនឲ្យឡើយ ព្រោះនេះជាអំពើក្បត់ផលប្រយោជន៍ជាតិ ក្បត់ជាតិដ៏អាក្រក់ណាស់ខ្លាំងណាស់ ។

ជុំវិញការចេញផ្សាយខាងលើនេះប្រសិនបើមានប្រតិកម្មពីមន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះ អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំទទួលរាល់ការបកស្រាយបំភ្លឺពីមន្រ្តីជំនាញពាក់ពន្ធ័ទាំងនោះនៅរាងរាល់ម៉ោងធ្វើការ អង្គភាពសារព័ត៌មានយើងផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង ​សេចក្ដី​ថ្លៃថ្នូរ​ របស់សមត្ថកិច្ច ឬមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី នោះឡើយ ៕.

មតិឆ្លើយតប

Your email address will not be published.

គេហទំព័រនេះប្រើខូឃីដើម្បីបង្កើនបទពិសោធន៍របស់អ្នក។ យើងនឹងសន្មតថាអ្នកយល់ព្រមជាមួយនេះប៉ុន្តែអ្នកអាចបដិសេធប្រសិនបើអ្នកចង់។ យល់ព្រម អានបន្ត